អន្តរជាតិ៖ ប៉ុន្មានសប្តាហ៍ក្រោយដណ្តើមបានតំបន់ Nagorno-Karabakh ពីក្រុមផ្តាច់ខ្លួនអាមេនី ប្រទេសអាស៊ែបៃហ្សង់ចាប់ផ្តើមសមយុទ្ធរួមគ្នាជាមួយប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្ត នៅជិតព្រំដែនជាមួយប្រទេសអាមេនី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៤ តុលា ២០២៣។

រដ្ឋាភិបាលអាស៊ែបៃហ្សង់បាននិយាយថា សមយុទ្ធ “Mustafa Kermal Ataturk 2023” នេះនឹងធ្វើឡើងនៅរដ្ឋធានីបាគូ ដែលជាតំបន់មួយដែលដណ្ដើមបានពីកងកម្លាំងផ្ដាច់ខ្លួនអាមេនី ហើយក្នុងគោលបំណង “ធានានូវសហប្រតិបត្តិការប្រយុទ្ធ” រវាងប្រទេសជាសម្ព័ន្ធមិត្ត។ កងកម្លាំងរហូតដល់ ៣,០០០នាក់ ជាមួយនឹងកាំភ្លើងធំរាប់សិបដើម និងយន្ដហោះចម្បាំង នឹងត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសអាស៊ែបៃហ្សង់យកឈ្នះលើការប្រយុទ្ធជាមួយកងកម្លាំងបំបែកខ្លួនអាមេនីត្រឹម ២៤ម៉ោង ហើយដណ្ដើមបានតំបន់ Nagorno-Karabakh កាលពីថ្ងៃទី១៩ ខែកញ្ញា។ 

យ៉ាងណាមិញ ការប្រយុទ្ធគ្នានេះបានជំរុញឱ្យប្រជាជនអាមេនីស្ទើរតែទាំងអស់ដែលរស់នៅក្នុងតំបន់ Nagorno-Karabakh ចំនួនប្រមាណ ១០ម៉ឺននាក់ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី ហើយបង្កឱ្យមានវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ