វ៉ាស៊ីនតោន៖ សេតវិមាននិយាយថា ទាហានអាមេរិកនឹងមិនដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា ក្នុងអំឡុងពេល ឬបន្ទាប់ពីសង្គ្រាមបច្ចុប្បន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ ដោយបានច្រានចោលរបាយការណ៍ដែលថា ទាហានអាមេរិកអាចត្រូវបានបញ្ជូនក្នុងបេសកកម្មរក្សាសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ខើប៊ី នៅក្នុងសន្និសីទសារព័ត៌មានមួយ ត្រូវបានគេសាកសួរថាតើកងកម្លាំងអាមេរិកនឹងត្រូវបញ្ជូន ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនៅក្នុងតំបន់ហ្គាហ្សាដែរឬទេ។ លោកបានឆ្លើយតបថា មិនមានផែនការ ឬចេតនាណាមួយ ក្នុងការបញ្ជូនកងទ័ពអាមេរិកទៅកាន់តំបន់ហ្គាហ្សាឥឡូវនេះ ឬនៅពេលអនាគតនោះទេ។

ប៉ុន្តែយើងកំពុងនិយាយជាមួយដៃគូរបស់យើងអំពីអ្វីដែលត្រូវធ្វើ បន្ទាប់ពីជម្លោះនៅហ្គាហ្សា។ លោក ខើប៊ី បន្តថា ក្រុមមន្ត្រីកំពុងពិចារណាអំពីការដាក់ពង្រាយ “វត្តមានកងកម្លាំងអន្តរជាតិមួយចំនួន” បន្ទាប់ពីការប្រយុទ្ធគ្នាបានថមថយនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែបានកត់សម្គាល់ថា គ្មានការសម្រេចចិត្តលើបញ្ហានេះត្រូវបានធ្វើឡើងនៅឡើយទេ។

ទោះជាយ៉ាងណា មកទល់ពេលនេះ ផែនការគ្រប់គ្រងតំបន់ហ្គាហ្សា ដែលសហរដ្ឋអាមេរិកកំពុងចចារជាមួយអ៊ីស្រាអែល ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ ក្នុងករណីអ៊ីស្រាអែលឈ្នះលើសមរភូមិនោះ មិនទាន់មានផែនការច្បាស់លាស់លេចចេញជារូបរាងនៅឡើយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ