ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ជនបង្កដែលបាញ់បោះនៅភ្នំគិរីរម្យ ចំនួន ៤នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះនាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនដៃដល់ ចំនួន ៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី ៣ដើម។លោកឧត្តមសេនីយ៍ស្នងការ បានអះអាងទៀតថា ដោយឡែក ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។

ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។

សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ