អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានលត់ Manchester United យ៉ាងចាស់ដៃដល់ក្នុងផ្ទះ ដោយពួកគេបានទទួលជ័យជម្នះក្នុងការប្រកួតក្នុងលទ្ធផល 6-1 នៅទឹកដី Old Trafford កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រុមបិសាចក្រហមមានឱកាសរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Man United នៅពេលដែល Bruno Fernandes ស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទី ប៉ុន្ដែពួកគេត្រូវបានក្រុមភ្ញៀវ Spurs វាយបកពីរគ្រាប់នាំមុខវិញដោយ Tanguy Ndombele និង Heung-Min Son។

ទន្ទឹមនេះ ខ្សែប្រយុទ្ធ Anthony Martial ទទួលបានកាតក្រហមនៅនាទី២៨ ហើយត្រូវបានបណ្ដេញចេញពីការប្រកួត ក្រោយមានការប៉ះទង្គិចគ្នាជាមួយ Erik Lamela ហើយ Spurs មានឱកាសរកបាន២គ្រាប់បន្ថែមទៀត នៅក្នុងតង់ទី១ដោយ Harry Kane និង Son។

យ៉ាងណាមិញ Serge Aurier ស៊ុតបញ្ចូលទីគ្រាប់ទី៥ក្នុងការប្រកួត មុនពេលដែល Kane ស៊ុតប៉េណាល់ទីគ្រាប់ទី៦ឱ្យក្រុមដែលដឹកនាំដោយលោកJoseMourinhoយកឈ្នះអតីតក្រុមដែលលោកធ្លាប់ដឹកនាំយ៉ាងចាស់ដៃ។

គួរបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលនេះជួយឱ្យ Spurs ឈានមកកាន់តំណែងលេខ៦ ក្នុងតារាង Premier League ដោយមាន៧ពិន្ទុ ឆ្លងកាត់៤ប្រកួត តាមពីក្រោយក្រុមលេខ១ Everton រហូតដល់៥ពិន្ទុ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ