ហ្ស៊េរុយសាឡឹម៖ មេដឹកនាអ៊ីស្រាអែលថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ចំពេលដែលចំនួនទាហានដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២៥ ធ្នូ ២០២៣។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ ហើយសន្យាថា នឹងស្តារសន្តិសុខឡើងវិញទាំងនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់គាត់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំង ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ។ លោកបន្ថែមថា ជម្លោះនេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង រហូតដល់ក្រុមហាម៉ាសត្រូវបានបោសសម្អាត ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ផងដែរថា កងទ័ពអ៊ីស្រាអែលបានបាត់បង់ទាហាន ១៥៣នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមការវាយលុកតាមផ្លូវគោករបស់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ក្នុងនោះរួមទាំង ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕