NEW DELHI៖ ភាគីទាំងពីរ ឥណ្ឌានិងចិន បាននិយាយថា កងទ័ពរបស់ខ្លួន បានចាប់ផ្តើមផ្តាច់ខ្លួនចេញពីតំបន់ព្រំដែន Gogra-Hotsprings នៅភាគខាងលិចហិម៉ាឡៃ (Himalayas) ២ឆ្នាំ បន្ទាប់ពីការប៉ះទង្គិចគ្នានៅព្រំដែនការទូតដែលមានភាពតានតឹង។

ការផ្តាច់ខ្លួនចេញនេះកើតឡើងនៅមុនពេលកិច្ចប្រជុំនៅប្រទេសអ៊ូសបេគីស្ថាន នៅសប្តាហ៍ក្រោយ ដែលប្រធានាធិបតីចិន លោក ជី ជិនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថានឹងចូលរួម។

ជាក់ស្តែង ភាគីទាំងពីរបាននិយាយថា ការផ្តាច់ខ្លួនកំពុងប្រព្រឹត្តទៅក្នុងរបៀបសម្របសម្រួល និង "គ្រោងទុក" ដែលនឹងជួយរក្សាសន្តិភាពនៅតាមព្រំដែន។

ជាមួយគ្នានេះដែរ ប្រភពការពារជាតិឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា "ការសម្លឹងមើលគ្នាភ្នែកទល់នឹងភ្នែកត្រូវបានបញ្ចប់" ទោះបីជាប្រទេសទាំងពីរនៅតែមានទាហានរាប់ពាន់នាក់តម្រង់ជួរនៅតាមព្រំដែន de factor ដែលត្រូវបានគេស្គាល់ថា ខ្សែបន្ទាត់គ្រប់គ្រងពិតប្រាកដ (Line of Actual Control (LAC)) ក៏ដោយ។ "កងកម្លាំងបានផ្តាច់ខ្លួន។ ពួកគេមិនត្រូវបានដកហូតទេ"។

ប្រភពបាននិយាយទៀតថា "នេះគឺជាជំហានដំបូងឆ្ពោះទៅរក ខ្សែបន្ទាត់គ្រប់គ្រងពិតប្រាកដ ដោយភាពស្ងប់ស្ងាត់" ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។

យ៉ាងណាម៉ិញ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃសុក្រថា ទាហានពីភាគីទាំងពីរបានចាប់ផ្តើមដកខ្លួនចេញក្នុងលក្ខណៈ "ស៊ីសង្វាក់គ្នា និងដោយគ្រោងទុក" ។ «នេះជាអំណោយផលដល់ការរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន» ក្រសួងបន្ថែម។

គួរបញ្ជាក់ថា ឥណ្ឌានិងចិនមានព្រំដែនជាប់គ្នា ៣.៨០០ គីឡូម៉ែត្រ (ប្រវែង ២.៣៦០ ម៉ាយល៍) ដែលកងទ័ពរបស់ពួកគេពីមុនបានប្រកាន់ខ្ជាប់នូវពិធីសារឈរជើងរយៈពេលយូរ ដើម្បីជៀសវាងការប្រើប្រាស់អាវុធណាមួយ។ ជាងនេះទៀតសោដ ក៏មានកិច្ចប្រជុំចំនួន ១៦ ជុំ រវាងមេបញ្ជាការយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ នៅពេលដែលកងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅក្នុងតំបន់ Galwan នៃតំបន់ Ladakh ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ