គ្រូរាប់ពាន់នាក់ធ្វើបាតុកម្មទាមទារការការពារសិទ្ធិរបស់ខ្លួនឱ្យកាន់តែរឹងមាំ នៅកូរ៉េខាងត្បូង
សេអ៊ូល៖ គ្រូបង្រៀនជនជាតិកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភាក្នុងទីក្រុងសេអ៊ូល ដោយគ្រវីបដា និងសូត្រធម៌ក្នុងមហាបាតុកម្មមួយ ដើម្បីកាន់ទុក្ខការស្លាប់ដោយអត្តឃាតរបស់គ្រូបង្រៀន នាពេលថ្មីៗនេះ ហើយអំពាវនាវឱ្យការការពារសិទ្ធិគ្រូបង្រៀន ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៥ កញ្ញា ២០២៣។
គ្រូបង្រៀនកូរ៉េខាងត្បូងរាប់ពាន់នាក់ ក្នុងឆុតសម្លៀកបំពាក់ពណ៌ខ្មៅ បានចូលរួមការជួបជុំគ្នា នៅទីក្រុងសេអ៊ូល ទាមទារការការពារប្រសើរជាងមុន ចំពេលមានការសម្លាប់ខ្លួនរបស់គ្រូបង្រៀន ជាការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការយាយីយ៉ាង ដោយការមើលងាយពីឪពុកម្តាយ និងសិស្ស ដែលនាំឱ្យគ្រូមួយចំនួនស្លាប់បាត់បង់ជីវិត។
បញ្ហានៃការសម្លុត និងអំពើហិង្សាក្នុងចំណោមសិស្ស ក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេចងក្រងទុកជាឯកសារយ៉ាងល្អ។ ប៉ុន្តែឥឡូវនេះ គ្រូបង្រៀនកំពុងទាមទារការការពារប្រសើរជាងមុនសម្រាប់ខ្លួនឯង ចំពេលមានកំហឹងកាន់តែខ្លាំងឡើង ចំពោះការណ៍ដែលគ្រូបង្រៀនរងការចោទប្រកាន់ពីបទរំលោភបំពានលើកុមារ សម្រាប់ការដាក់វិន័យសិស្ស។
ការចូលរួមបាតុកម្មរបស់គ្រូបង្រៀន កាលពីថ្ងៃចន្ទ បណ្តាលឲ្យសាលារៀនមួយចំនួនត្រូវបានគេរាយការណ៍ថា បានបិទជាបណ្តោះអាសន្ន បើទោះបីជាអាជ្ញាធរបានប្រកាសថា សកម្មភាពរបស់ពួកគេខុសច្បាប់ និងគំរាមកំហែងដល់ផលវិបាកផ្លូវច្បាប់ក៏ដោយ។
សកម្មភាពតវ៉ារបស់គ្រូបង្រៀនត្រូវបានធ្វើឡើង បន្ទាប់ពីការស្លាប់របស់គ្រូបង្រៀនបឋមសិក្សាអាយុ ២៣ ឆ្នាំម្នាក់ កាលពីខែកក្កដា។ អ្នកគ្រូរូបនេះត្រូវបានគេប្រទះឃើញស្លាប់នៅសាលា ក្នុងទីក្រុងសេអ៊ូល ដោយការធ្វើអត្តឃាត បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានសម្តែងការថប់អារម្មណ៍ ចំពោះពាក្យបណ្តឹងពីឪពុកម្តាយ។
ចាប់តាំងពីពេលនោះមក គ្រូបង្រៀនទូទាំងប្រទេសបានធ្វើការប្រុងប្រយ័ត្ន និងធ្វើបាតុកម្មជារៀងរាល់ចុងសប្តាហ៍ ដើម្បីកាន់ទុក្ខមរណភាព និងទាមទារសិទ្ធិ៕