សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យើងនឹងពិភាក្សាគ្នាពីការតភ្ជាប់នូវប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងពិនិត្យមើល ហើយសិក្សាបន្តទៀតទាក់ទងនឹងការតភ្ជាប់បណ្ដាញទិន្នន័យរបស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗសម្រាប់ប្រើប្រាស់នូវឯកសារអត្តសញ្ញាណកម្ម ហើយយើងអាចមានគោលការណ៍រួមមួយដើម្បីដោះស្រាយបញ្ហានេះ។
ឯឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីទាញយកអត្តសញ្ញាណ រួមទាំងរូបថត និងស្នើចាត់ក្រុមការងារធ្វើការផ្ទាល់ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចការអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីសិក្សាលើការងារបច្ចេកទេសតភ្ជាប់ និងទាញយកទិន្នន័យ សម្រាប់បម្រើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមបានបន្ថែមថា ក្រោយពីបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំសមាសភាពក្រុមបច្ចេកទេស ក្នុងការបំពេញការងារជាមួយក្រុមបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបង្កើតបានក្រុមបច្ចេកទេសអន្តរក្រសួងមួយ ហើយក្រុមបច្ចេកទេសទាំងពីរធ្វើការងារជាបន្តបន្ទាប់ ដោយមានជំនួយពីក្រុមហ៊ុនដៃគូរផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា មកដល់បច្ចុប្បន្នមានប្រហែល១០០ក្រុមហ៊ុន ដែលបានចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសំណុំឯកសារ បើគិតចាប់តាំងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដំណើរការការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CAMDX ហើយនេះថាជាការសាកល្បងរបស់ក្រសួងទាំងពីរ។
សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល ដោយមានលក្ខណៈពិសេសចំនួន៥ រួមមាន៖ ការប្រើប្រាសទម្រង់ប្រព័ន្ធអេកូ (EcoSystem), ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទិន្នន័យ, មិនមានជ្រៀតជ្រែកការគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាមដានមើលការប្រើប្រាស់ តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ, និងអនុលោមតាមគោលការណ៍ផ្លាស់ប្ដូរទិន្នន័យតាមផែនមុខងារAPI៕