ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា ព្រមានថា ប្រទេសណាហ៊ានបន្តចូល ណាតូ ប្រឈមនឹងផ្ទុះនុយក្លេអ៊ែរ
អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដាលោក Oleg Stepanov បានប្រាប់សារព័ត៌មាន ថា បណ្តាប្រទេសដែលចូលរួមក្នុងប្លុកណាតូនឹងប្រឈមហានិភ័យសន្តិសុខកាន់តែខ្លាំងឡើង រួមទាំងនុយក្លេអ៊ែរផងដែរ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃទី២១ មេសា ២០២៣។
លោក Stepanov បាននិយាយថា “សម្រាប់ពេលនេះ ប្រសិនបើប្រទេសណាមួយប្រកាសចូលរួម ឬចូលជាសមាជិកជាមួយប្លុកណាតូ នោះនឹងមានន័យថា ជាសត្រូវជាមួយនឹងរុស្ស៊ី ជាពិសេសប្រឈមមុខការផ្ទុះអាវុធនុយក្លេអ៊ែរជាដើម” ។
អ្នកការទូតរូបនេះបញ្ជាក់ថា “នៅពេលដែលអ្នកមិននៅក្នុងប្លុកនុយក្លេអ៊ែរមួយនេះ នោះអ្នកនឹងមានសុវត្ថិភាពហើយ ។ នៅពេលអ្នកចូលរួមជាមួយអង្គការណាតូ អ្នកនឹងក្លាយជាគោលដៅមួយផ្សេងទៀត ។ យើងមិនជឿថា សម្ព័ន្ធភាពមួយនេះ រួមទាំងប្រទេសជិតខាងហ្វាំងឡង់របស់យើងផងនោះ មិនយល់ពីការពិតនេះនោះទេ” ។
លោក Stepanov បានកត់សម្គាល់ថា “កាណាដា គឺជាប្រទេសដំបូងគេដែលមិនត្រឹមតែផ្តល់សច្ចាប័នលើសន្ធិសញ្ញាវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការគាំទ្ររបស់ខ្លួនចំពោះពាក្យសុំចូលអង្គការណាតូរបស់ហ្វាំងឡង់ផងដែរ ។ ប្លុកនេះត្រូវបានបង្កើតឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីគ្រប់គ្រងទឹកដីដ៏ធំសម្បើមរបស់អឺរ៉ុប និងដើម្បីបម្រើផលប្រយោជន៍អាមេរិក” ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី ៣១ របស់អង្គការណាតូកាលពីថ្ងៃទី ៤ ខែមេសា បន្ទាប់ពីពាក្យសុំចូលរួមរបស់ខ្លួនត្រូវបានផ្តល់សច្ចាប័នដោយសមាជិកទាំងអស់នៃសម្ព័ន្ធភាពមួយនេះ ៕