អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានធ្វើកិច្ចពិភាក្សាអំពីជំហានមួយ ដើម្បីលើកកម្ពស់ចំណងទាក់ទងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ជាច្រើន នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ។ នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៣ ធ្នូ ២០២២។

ប្រភពបានឱ្យដឹងថា លោក អឺដូហ្កាន់ និង ស៊ូណាក់ បានធ្វើកិច្ចពិភាក្សាអំពីជំហានដែលគួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅលើវិស័យផ្សេងៗគ្នា ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មជាដើម។

ជាមួយគ្នានេះ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា គាត់សង្ឃឹមថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ នឹងបន្តស្ថិតក្រោមការណែនាំនៃការយល់ដឹងទូទៅ និងមួយទៀតគឺការចែករំលែកទស្សនវិស័យយុទ្ធសាស្ត្រ។

ថ្លែងពីបញ្ហាក្នុងតំបន់វិញ លោក អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា ភាគីទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ ពីការបង្កើតមូលដ្ឋានឡើងវិញសម្រាប់ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ