រាជរដ្ឋាភិបាល បង្កើតក្រុមការងារដេីម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង និងដកហូតគោរមងារឧកញ៉ា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមការងារមានភារកិច្ចដូចជា ៖
ទី១-សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ទី២-សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ទី៣-សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ។
ទី៤-រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ទី៥- ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ។
ទី៦- រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច។
និងទី៧-បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕