បរទេស៖ ប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសចំពោះការហាមឃាត់របស់អាជ្ញាធរតាលីបង់លើស្ត្រីអាហ្វហ្គានីស្ថានដែលធ្វើការឱ្យអង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្កានីស្ថាន ដោយលោកហៅជា “ការរំលោភដែលមិនអាចអត់ឱនបាននៃសិទ្ធិមូលដ្ឋានរបស់មនុស្ស ដែលគួរតែត្រូវបានដកចេញវិញជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិ បានប្រាប់ទៅកាន់បុគ្គលិកអាហ្វហ្កានីស្ថានប្រហែល៣,៣០០នាក់ ក្នុងនោះមានប្រហែល៤០០នាក់ជាស្រ្តី កុំឱ្យទាន់ចូលមកធ្វើការនៅការិយាល័យ រហូតដល់ពេលទទួលបានការជូនដំណឹងថ្មី ដោយសារតែហេតុផលសន្តិសុខ។ 

យ៉ាងណាក្តី បុគ្គលិកអន្តរជាតិប្រមាណ៦០០នាក់របស់ UN នៅអាហ្វហ្កានីស្ថាន គឺមិនប៉ះពាល់ដោយសារបម្រាមខាងលើទេ។ ក្រុមអ្នកការទូតបានបង្ហើបឱ្យដឹងថា នៅថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ UN គ្រោងពិភាក្សាគ្នាក្នុងលក្ខណៈបិទទ្វារ អំពីស្ថានការណ៍នេះ។

លើសពីនេះទៅទៀត លោក ហ្គូតឺរេស បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ការហាមឃាត់ស្រ្តីអាហ្វហ្កានីស្ថានមិនឱ្យធ្វើការជាមួយ UN នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺជាទង្វើរំលោភបំពានមិនអាចអត់ឱនបាន ចំពោះសិទ្ធិមូលដ្ឋានរបស់មនុស្ស។ ខ្ញុំសូមអំពាវនាវឱ្យតាលីបង់លុបចោលការសម្រេចចិត្តនេះវិញជាបន្ទាន់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ