ប៉េកាំង៖ ប្រទេសចិនបានលើកឡើងថា ខ្លួនថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិន ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ កញ្ញា ២០២៣។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការ ការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ទាក់ទិននឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់ប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដែលគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន។ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ប្រតិកម្មធ្ងន់ៗរបស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧រូប និងអង្គភាពចំនួន ៤ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ចិន រុស្ស៊ី និងតួកគី កាលពីសប្តាហ៍មុន ដែលខ្លួនបាននិយាយថា បានជួយសម្របសម្រួលដល់ការដឹកជញ្ជូន និងប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងកម្មវិធីយោធារបស់ទីក្រុងតេហេរ៉ង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ