ព្យុងយ៉ាង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថ្កោលទោសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានរិះគន់ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបលើកចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី គីម យ៉ូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។ លោកស្រីថា រដ្ឋាភិបាលកូរ៉េខាងជើងថ្កោលទោសយ៉ាងដាច់អហង្ការ នូវអ្វីដែលលោកស្រីហៅថា ចលនាមិនប្រុងប្រយ័ត្ន និង ការញុះញង់នយោបាយដ៏ធ្ងន់ធ្ងរ។

ទង្វើទាំងនេះ នឹងជំរុញឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឈានដល់ដំណាក់កាលថ្មីនៃវិបត្តិ។ លោកស្រី គីម យ៉ូជុង បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងមិនអត់ឱនឱ្យនរណាម្នាក់ ដែលបង្កាច់បង្ខូចការអនុវត្តសិទ្ធិការពារខ្លួនរបស់យើង ដើម្បីការពារសន្តិសុខរបស់រដ្ឋនោះទេ ហើយក៏នឹងចាត់វិធានការប្រឆាំងដ៏ខ្លាំងក្លាបំផុតរហូតដល់ទីបញ្ចប់ផងដែរ។ 

លោកស្រីក៏បានព្រមានដែរថា ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយប្រឆាំងនឹងកូរ៉េខាងជើង នោះទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនូវវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក និងប្រទេសសមាជិកមួយចំនួនផ្សេងទៀតបានពិភាក្សាគ្នា អំពីរបៀបឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីល Hwasong-17 របស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយបានហៅវាថា ជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ