ព្យុងយ៉ាង៖ យោធាកូរ៉េខាងជើង បានបញ្ជាក់ថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង-អាមេរិកនាពេលថ្មីៗនេះ គឺជាការបង្កហេតុដោយបើកចំហ និងជាការហ្វឹកហ្វឺនសង្គ្រាមដ៏គ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ វិច្ឆិកា ២០២២។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលគេជឿជាក់ថា បានបរាជ័យ និងគ្រាប់កាំភ្លើងធំរាប់រយគ្រាប់ចូលទៅក្នុងសមុទ្រ ខណៈដែលកូរ៉េខាងត្បូង-អាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នា មានរយៈពេល៦ថ្ងៃរហូតដល់ថ្ងៃសៅរ៍សប្តាហ៍មុន។

យោធាកូរ៉េខាងជើងបាននិយាយថា សមយុទ្ធ “Vigilant Storm” ខាងលើនេះ គឺជាការញុះញង់ដោយបើកចំហ ដែលមានគោលបំណងបង្កើនភាពតានតឹងដោយចេតនា និងជាសមយុទ្ធសង្រ្គាមដ៏គ្រោះថ្នាក់។

ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីបទបង្កការប្រឈមមុខដាក់គ្នាដែលមិនស្ថិតស្ថេរ ហើយបានប្តេជ្ញាប្រឆាំងនឹងការធ្វើសមយុទ្ធរបស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរ ជាមួយនឹងវិធានការយោធាប្រកបដោយនិរន្តរភាព ការតាំងចិត្ត និងលើសលប់។

យ៉ាងណាមិញ យោធាកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបន្តសកម្មភាពយោធាដែលបង្កហេតុរបស់សត្រូវនៅតែបន្ត នោះយោធាកូរ៉េខាងជើងកាន់តែហ្មត់ចត់ និងគ្មានមេត្តាចំពោះពួកគេឡើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ