ហាណូយ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានធ្វើដំណើរទៅដល់ក្រុងហាណូយប្រទេសវៀតណាមហើយ កាលពីយប់ថ្ងៃអង្គារទី២៤ សីហា ២០២១ ដើម្បីផ្តើមការបំពេញទស្សនកិច្ចផ្លូវការរយៈ៣ថ្ងៃ ដោយលោកស្រីគ្រោងនឹងបញ្ចប់ទស្សនកិច្ច នៅថ្ងៃទី២៦ សីហា។ នេះយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន VN Express៕

ទស្សនកិច្ចលោកស្រី Kamala Harris នេះធ្វើឡើងតមតាមការអញ្ជើញរបស់ភាគីវៀតណាម បន្ទាប់ពីលោកស្រីបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរី។

លោក ឡេ ខាន់ហៃ (Le Khanh Hai) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានការិយាល័យប្រធានាធិបតី និងង្វៀន កុកដុង (Nguyen Quoc Dung) អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមស្វាគមន៍លោកស្រី Harris នៅព្រលានយន្តហោះ។

ទស្សនកិច្ចផ្លូវការនេះបានកើតមានឡើង ខណៈដែលអាមេរិកនិងវៀតណាមត្រូវបានគេមើលឃើញថា កំពុងមានកិច្ចសហប្រតិបតិ្តការទ្វេភាគីកាន់តែល្អ ក្នុងវិស័យផ្សេងៗ រួមមានដូចជាសន្តិសុខ និង ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ជាដើម៕

ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសទទួលជំនួយកំពូលទាំង ១០ ក្រោមកម្មវិធីអាមេរិកដើម្បីចែករំលែកវ៉ាក់សាំងរាប់លានដូស ដើម្បីធ្វើឱ្យប្រសើរឡើងនូវអត្រាឆ្លងជាសកល។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២០ ទោះបីមានជំងឺរាតត្បាតក៏ដោយពាណិជ្ជកម្មទ្វេភាគីនៅវៀតណាមបានកើនឡើង ១៩,៨ ភាគរយស្មើនឹង ៩០,៨ ពាន់លានដុល្លារ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ