ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់រដ្ឋតិចសាស់ បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវនៅសាលាបឋមសិក្សាមួយកន្លែង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងយូវ៉ាល់ដេ រដ្ឋតិចសាស់ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បន្ទាប់ពីមានការបាញ់ប្រហារដ៏សាហាវនៅសាលាបឋមសិក្សាមួយកន្លែង ដែលបានបណ្តាលឱ្យកុមារ ១៩នាក់ និងគ្រូបង្រៀនពីរនាក់បាត់បង់ជីវិត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
សេតវិមានបានប្រកាសថា លោក បៃដិន និងលោកជំទាវទីមួយ ជៀល បៃដិន នឹងធ្វើដំណើរទៅចូលរួមក្នុងពិធីដ៏សោកសៅជាមួយសហគមន៍ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំង២១នាក់ដែលបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សាដ៏គួរឱ្យរន្ធត់។
ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាសិស្សវិទ្យាល័យយូវ៉ាល់ដេ អាយុ១៨ឆ្នាំ ឈ្មោះ Salvador Rolando Ramos ត្រូវបានសម្លាប់ដោយមន្ត្រីសមត្ថកិច្ច។ ជនសង្ស័យបានប្រើកាំភ្លើងប្រភេទ AR ពីរដើម ដោយកាំភ្លើងទាំងពីរបានទិញស្របច្បាប់ មុនការវាយប្រហារ។
លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាពីសេតវិមានកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះថា គំនិតដែលក្មេងអាយុ១៨ឆ្នាំអាចដើរចូលទៅក្នុងហាងលក់កាំភ្លើង និងទិញអាវុធវាយប្រហារចំនួនពីរដើម គឺជារឿងមិនត្រឹមត្រូវ។
ជាមួយគ្នានេះ លោក បៃដិន ក៏បានអំពាវនាវឱ្យមានការរឹតបន្តឹងការប្រើប្រាស់អាវុធនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងបានជំរុញឱ្យសភាអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង បន្ទាប់ពីការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងការប្រើប្រាស់អាវុធ។
យ៉ាងណាមិញ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាជាមួយគណបក្សប្រជាធិបតេយ្យអំពីច្បាប់ស្តីពីកាំភ្លើង ដែលត្រូវបានជាប់គាំងជាយូរមកហើយនៅលើវិមានកាពីតូល ។
ទន្ទឹមគ្នា សិស្សនិស្សិតជាច្រើននៅទូទាំងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាដើរជាក្រុមកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង និងភាពអសកម្មរបស់អ្នកនយោបាយផងដែរ៕RT