សហរដ្ឋអាមេរិក រង់ចាំចម្លើយពីកាហ្សាក់ស្ថាន ក្នុងការអោយកងកម្លាំងដែលដឹកនាំដោយរុស្ស៊ី ដោះស្រាយភាពចលាចលនៅក្នុងប្រទេសខ្លួន
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ថ្លែងថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីមន្រ្តីកាហ្សាក់ស្ថាន ថាតើហេតុអ្វីបានជាពួកគេត្រូវហៅកងកម្លាំងសន្តិសុខដែលដឹកនាំដោយរុស្ស៊ី ដើម្បីជួយដោះស្រាយភាពចលាចលនៅក្នុងប្រទេសខ្លួន ដោយលោក ប្លីងខិន ក៏បានបរិហាលើបទបញ្ជាបាញ់សម្លាប់ពីសំណាក់រដ្ឋាភិបាលផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី០៩ មករា ២០២២។
លោក ប្លីងខិន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា យើងមានសំណួរពិតប្រាកដ អំពីថាតើហេតុអ្វីបានជាពួកគេត្រូវហៅកងកម្លាំងសន្តិសុខដែលដឹកនាំដោយរុស្ស៊ី និងថា កាហ្សាក់ស្ថានគួរតែអាចដោះស្រាយការតវ៉ាដោយសន្តិវិធី… យើងកំពុងសុំការបញ្ជាក់អំពីរឿងនេះ។
ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងកម្មវិធី “This Week” របស់ទូរទស្សន៍ ABC លោក ប្លីងខិន ក៏បានបញ្ជាក់ដែរថា ការដាក់ចេញបទបញ្ជាបាញ់សម្លាប់ គឺជាកំហុស ហើយគួរតែត្រូវបានលុបចោលវិញ។
យ៉ាងណាមិញ អាជ្ញាធរកាហ្សាក់ស្ថានបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ពួកគេបានធ្វើឱ្យស្ថានការណ៍មានស្ថិរភាពនៅទូទាំងប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សាដ៏សាហាវបំផុតក្នុងរយៈពេល ៣០ឆ្នាំនៃការទទួលបានឯករាជ្យ។
គួររម្លឹកថា រុស្ស៊ីបានបញ្ជូនទ័ពទៅកាលពីសប្តាហ៍មុន ហើយរដ្ឋាភិបាលកាហ្សាក់ស្ថានបានអនុញ្ញាតអោយមានការបាញ់សម្លាប់ ដើម្បីបំបាត់ភាពចលាចលនៅក្នុងប្រទេស៕ RT