វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរដ្ឋបាល របស់គាត់បានសន្យាជួយមេដឹកនាំកោះប៉ាស៊ីហ្វិកឱ្យទប់ទល់នឹងអ្វីដែលខ្លួនហៅថា “ការបង្ខិតបង្ខំសេដ្ឋកិច្ច” របស់ប្រទេសចិននោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ កញ្ញា ២០២២។
ក្រុមមេដឹកនាំ និងអ្នកតំណាងមកពីរដ្ឋកោះប៉ាស៊ីហ្វិកចំនួន ១៤ បាន ធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលទើប បញ្ចប់ទៅនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ គឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ នៃមេ ដឹកនាំ ជាច្រើនមកពីក្នុងតំបន់តែមួយ ដែលខ្លួនបានចាត់ទុកថា ជាតំបន់ការពារដែនសមុទ្រ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ប៉ុន្តែប្រទេសចិនបានឈានទៅមុខជាលំដាប់។
លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកបាន ចាប់ផ្តើមគំនិតផ្តួចផ្តើមមួយនៅឆ្នាំនេះ ដែលហៅថា “Partners in the Blue Pacific” ដើម្បីសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅជុំវិញពិភពលោក ក្នុងការ បំពេញតម្រូវការរបស់ប្រជាជននៅទូទាំងរដ្ឋកោះប៉ាស៊ីហ្វិកឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានប្តេជ្ញាថា នឹងធ្វើឱ្យមាន អាទិភាពក្នុងការពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយប្រទេសរបស់ពួកគេ ក៏ដូចជាដើម្បីជួយពួកគេដោះស្រាយនូវអ្វីដែល លោក ហៅថា “ការគំរាមកំហែងដែលមានស្រាប់” ដែលបង្កឡើងដោយ វិបត្តិអាកាសធាតុ។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនបានគូសបញ្ជាក់ថា ទំនាក់ទំនង របស់ខ្លួនជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺផ្អែកលើកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងថា តំបន់នេះមិនមែន ជាខ្នងបង្អែករបស់ប្រទេសណាមួយឡើយ ហើយថាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យមានការប្រឆាំងជាមួយប្រទេសចិននៅទីនោះនឹងបរាជ័យ៕RT