ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ឈុនយីង បានលើកឡើងថា ក្នុងនាមជាប្រទេសជិតខាងជិតស្និទ្ធ ចិនតែងតែគាំទ្រទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូលក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងការជំរុញការផ្សះផ្សារ និងកិច្ចសហប្រតិបត្តិការ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន  CGTN

លោកស្រី ហ័រ បាននិយាយដូច្នេះថា យើងជឿជាក់ថា វាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយភាពជាប់គាំងនាពេលបច្ចុប្បន្ន និងបើកការសន្ទនាឡើងវិញដើម្បីដោះស្រាយបញ្ហាកង្វល់ស្របច្បាប់របស់កូរ៉េខាងជើង។ លោកស្រី ហ័រ ក៏បានអំពាវនាវផងដែរចំពោះការបដិសេធនូវដំណោះស្រាយនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងកូរ៉េខាងជើងកាលពីដើមខែ និងធ្វើការកែតម្រូវចាំបាច់ ចំពោះវិធានការដាក់ទណ្ឌកម្ម ជាពិសេសដំណោះស្រាយទាក់ទងនឹងការរស់នៅរបស់ប្រជាជន។ លោកស្រីបន្ថែមថា នេះគឺជាអំណោយផលក្នុងការបន្តការសន្ទនា និងការរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ និងស្របតាមស្មារតីនៃដំណោះស្រាយ។

គួរបញ្ជាក់ថា ទំនាក់ទំនងអន្តរកូរ៉េនៅតែមានភាពត្រជាក់ ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងអាមេរិកមិនបានឈានដល់កិច្ចព្រមព្រៀងនៅដើមឆ្នាំ ២០១៩។ ខ្សែទូរស័ព្ទអន្តរកូរ៉េបានដំណើរការឡើងវិញមួយរយៈពេលខ្លីនៅចុងខែកក្កដាកន្លងទៅ ប៉ុន្តែកូរ៉េខាងជើងបានចាប់ផ្តើមបដិសេធការហៅទូរស័ព្ទធម្មតារបស់ទីក្រុងសេអ៊ូល ពីរសប្តាហ៍ក្រោយមានការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ