រដ្ឋមន្ត្រីការពារជាតិស៊ុយអែត៖ ប្រទេសស៊ុយអែតបានសម្តែងក្ដី សង្ឃឹមថានឹងចូលរួមជាមួយណាតូនៅខែកក្កដា
អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានបញ្ជាក់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយអង្គការណាតូ ហើយបានសម្តែងក្តីសង្ឃឹមថា ពាក្យសុំចូលជាសមាជិករបស់ខ្លួននឹងត្រូវបានអនុម័តមុនកិច្ចប្រជុំកំពូលរបស់អង្គការក្នុងខែកក្កដា។នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។
ប្រទេសស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិក NATO កាលពីខែឧសភាឆ្នាំមុន បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែការដាក់ពាក្យរបស់ខ្លួនបានប្រឈមមុខនឹងការប្រឆាំងពីប្រទេសទួរគីដែលជាប្រទេសសមាជិក អះអាងថាស៊ុយអែតគាំទ្រពួកសកម្មប្រយុទ្ធឃឺដដែលកំពុងស្វែងរកការបំបែកខ្លួនចេញពីទួរគី។
រដ្ឋមន្ត្រីការពារជាតិ បានបង្ហាញពីសុទិដ្ឋិនិយមដោយសារតែការខិតខំប្រឹងប្រែងរបស់ស៊ុយអែត ទួរគី និងហ្វាំងឡង់ ក្នុងអំឡុងកិច្ចពិភាក្សាកម្រិតប្រតិបត្តិការ។ លោកបានបន្ថែមថា ថ្មីៗនេះ ប្រទេសស៊ុយអែតបានអនុវត្តច្បាប់ប្រឆាំងភេរវករថ្មី។
លោកបាននិយាយថា ការពិគ្រោះយោបល់បន្ថែមជាមួយទួរគីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ ហើយបានសម្តែងក្តីសង្ឃឹមថាសមាជិកភាពនឹងត្រូវបានផ្តល់អោយនៅមុនកិច្ចប្រជុំកំពូលនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែកក្កដា។
លោករដ្ឋមន្ត្រីបានលើកឡើងពីសមត្ថភាពរបស់ប្រទេសស៊ុយអែតក្នុងការរចនា និងសាងសង់ទាំងយន្តហោះចម្បាំង និងនាវាមុជទឹក ទោះបីជាចំនួនប្រជាជនរបស់ខ្លួនមានចំនួនតិចក៏ដោយ។ លោកបានបង្ហាញការរំពឹងទុករបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស៊ុយអែត និងជប៉ុនក្នុងវិស័យបែបនេះ៕