អន្តរជាតិ៖ ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១២ កុម្ភៈ ២០២៣។

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានប្រាប់កាសែត Bild កាលពីថ្ងៃសៅរ៍ថា "នេះគឺជាជំនួយសង្គ្រោះបន្ទាន់" ។ "យើងចង់អនុញ្ញាតឱ្យគ្រួសារទួរគី ឬស៊ីរីនៅក្នុងប្រទេសអាល្លឺម៉ង់ នាំសាច់ញាតិជិតស្និទ្ធរបស់ពួកគេពីតំបន់គ្រោះមហន្តរាយទៅផ្ទះរបស់ពួកគេ"។

ការសម្រេចចិត្តនេះធ្វើឡើងខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនលើស ២៩.០០០ នាក់កាលពីថ្ងៃអាទិត្យ។ មនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសទាំងពីរ។

ប្រជាជនទួរគីប្រហែល 2.9 លាននាក់រស់នៅក្នុងប្រទេសអាឡឺម៉ង់ ជាងពាក់កណ្តាលមានសញ្ជាតិទួរគី។ សហគមន៍ស៊ីរីក៏មានទំហំធំដែរ ហើយត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន 924,000 ចាប់តាំងពីអតីតអធិការបតីអាល្លឺម៉ង់ Angela Merkel បានបើកព្រំដែនដល់ជនភៀសខ្លួននៅក្នុងឆ្នាំ 2015 និង 2016 ហើយមានជនជាតិស៊ីរី 118,000 នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ 2014 ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានរៀបចំឡើងសម្រាប់ជនរងគ្រោះដែលចង់ស្វែងរកការជ្រកកោននៅប្រទេសអាល្លឺម៉ង់ និងស្នាក់នៅជាមួយសមាជិកគ្រួសារកម្រិតទី 1 ឬទី 2 ដែលជាពលរដ្ឋអាល្លឺម៉ង់ ឬអ្នកដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ