កងទ័ពសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអឺរ៉ុប កាត់ផ្ដាច់ការនាំចេញអាវុធទៅឲ្យក្រុមឧទ្ទាម ដើម្បីដាក់គំនាបលើអ៊ីរ៉ង់
តេអ៊ីរ៉ង់៖ កងទ័ពរបស់លោកខាងលិច កំពុងតែឆ្មក់បង្រ្កាបទៅលើទូកនានា រត់ពន្ធអាវុធ ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសយេមែន ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម ខណៈមេបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានបង្ហាញ អំពីការស្ទាក់ចាប់ និង រឹបអូសគ្រឿងសព្វាវុធបានជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Insider នៅថ្ងៃទី១៣ កុម្ភៈ ២០២៣។
កម្លាំងទាហានរបស់បស្ចិមលោក កំពុងតែឆ្មក់ចាប់ជាអចិន្ដ្រៃយ៍ ទៅលើទូកនានា មានគោលបំណង រត់ពន្ធអាវុធ ចេញពីអ៊ីរ៉ង់ នាំទៅផ្គត់ផ្គង់ ដល់ក្រុមឧទ្ធាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន។ សកម្មភាពរបស់ទាហានលោកខាងលិច បានរឹបអូសគ្រឿងបំផ្ទុះជាច្រើនប្រភេទ រួមមាន កាំភ្លើង និងគ្រាប់រំសេវ។
ក្រុមអ្នកជំនាញកិច្ចការមជ្ឈិមបូព៌ា និង អ៊ីរ៉ង់ បានបញ្ជាក់ ថា ការឆ្មក់បង្ក្រាបរបស់លោកខាងលិច គឺជាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលមួយ រៀបចំឡើង ដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ និង បន្ទុកបង្អាក់ដល់ផែនការដ៏អាក្រក់របស់ក្រុងតេអ៊ីរ៉ង់ នៅក្នុងតំបន់។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុននេះ បានបង្ហាញ អំពីការវាយឆ្មក់បង្ក្រាប ទៅលើទូកនេសាទជាបន្តបន្ទាប់ ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត។
ការបង្រ្កាបការរត់ពន្ធអាវុធនេះ ជារឿយៗ បានដកហូតនាវានេសាទ ដែលធ្វើដំណើរតាមផ្លូវទឹក ធ្លាប់មានប្រវត្តិ ធ្វើចរាចរណ៍ដឹកអាវុធខុសច្បាប់ ចេញពីប្រទេសអ៊ីរ៉ង់ នាំទៅឲ្យក្រុមឧទ្ទាម Houthi ដែលកំពុងតែធ្វើសង្គ្រាមស៊ីវិល ប្រឆាំងនឹងរដ្ឋាភិបាលយេមែន ដែលទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិ នៅក្នុងប្រទេសចុងខាងត្បូងឧបទ្វីបអារ៉ាប់។
គួររម្លឹកផងដែរថា កងទ័ពសហរដ្ឋអាមេរិក បានស្ទាក់ចាប់ទូករត់ពន្ធអាវុធនេះ បានអនុវត្ដ ដោយកងកម្លាំងពិសេសរបស់បារាំង នៅតាមផ្លូវទឹក ដែលតែងតែរត់ពន្ធអាវុធ រវាងប្រទេសអ៊ីរ៉ង់ និង យេមែន ដោយរឹបអូសបាន គ្រាប់កាំភ្លើង ចំនួន៣០០០គ្រាប់, គ្រាប់រំសេវ ៥៧៨ ០០០គ្រាប់ និង មីស៊ីលនាំផ្លូវប្រឆាំងនឹងរថក្រោះ ចំនួន២៣ដើម៕RT