វ៉ាសាវី៖ ក្រុងវ៉ាសាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ក្រុងកៀវ ហើយឥឡូវនេះ សមត្ថកិច្ចរបស់ប៉ូឡូញ បានចាប់ឃាត់ខ្លួនជនស៊ីវិលមួយក្រុម មានការជាប់សង័្សយ អំពីការធ្វើចារកម្ម ជួយដល់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៦ មីនា ២០២៣។
មន្រ្ដីរដ្ឋាភិបាលប៉ូឡូញ បានប្រាប់ដល់ BBC ថា ជនស៊ីវិលបរទេសមួយក្រុម ត្រូវបានចាប់ខ្លួន ដោយសារសង័្សយ ពីការលួចការណ៍ ទៅឲ្យប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសន្ដិសុខប៉ូឡូញ បានកាត់ផ្ដាច់បណ្ដាញចារកម្ម ធ្វើការបម្រើឲ្យរុស្ស៊ី។ មនុស្សចំនួន៦នាក់ ត្រូវបានចាប់ឃាត់ខ្លួន នាំទៅសាកសួរ ដោយមានការសង្ស័យ អំពីការដំឡើងកាមេរ៉ាសម្ងាត់ សម្រាប់ថតរូបភាព អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗប្រើប្រាស់ ដើម្បីផ្តល់ជំនួយជួយដល់ប្រទេសអ៊ុយក្រែន។
ការរៀបចំផែនការរបស់រុស្ស៊ី ត្រូវបានបំផ្លាញ។ បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជម្លោះអំពីរឿងចារកម្ម អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ កាន់តែមានភាពតានតឹងខ្លាំងឡើង ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង នៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា ប៉ូឡូញ ជាសម្ពន្ធមិត្ត និង កម្លាំងសន្ដិសុខដ៏រឹងមាំមួយរបស់អ៊ុយក្រែន បានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយមានការសង័្សយ អំពីការធ្វើចារកម្ម ទៅឲ្យរុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមក៕