ប៊្រុសសែលស៍ ៖ រហូតមកដល់ពេលនេះ ថ្វីត្បិតសហភាពអឺរ៉ុប បាន និង កំពុងតែបង្កើននូវការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី យ៉ាងណាក្ដី តែប្លុកសេរីមួយនេះ នៅតែមិនអាចកាត់ផ្ដាច់នូវការនាំចូលឧស្ម័ន ពីប្រទេសរុស្ស៊ី បានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ មេសា ២០២២។

បច្ចុប្បន្ន សហរដ្ឋអាមេរិក បាននាំចូលប្រេងតិចតួចពីរុស្ស៊ី តែប្រទេសមហាអំណាចមួយនេះ មិនបាននាំឧស្ម័នធម្មជាតិចេញពីរុស្ស៊ី នោះដែរ។ រុស្ស៊ី ជាប្រទេសផលិត និង នាំចេញឧស្ម័ន និង ប្រេងដ៏ធំផុតមួយ នៅលើពិភពលោក ហើយសហភាពអឺរ៉ុប ក៏មានប្រេង និង ឧស្ម័នធម្មជាតិដែរ ប៉ុន្តែការផលិតបាន និងកំពុងធ្លាក់ចុះ ទើបធ្វើឱ្យបណ្ដាប្រទេសទាំង២៧ នៅក្នុងប្លុកនេះ ត្រូវពឹងផ្អែកលើការនាំចូល មកពីប្រទេសរុស្ស៊ី។

លោក រ៉ូប៊ឺត ហាបែក (Robert Habeck) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានបញ្ជាក់ថា អាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប ហើយប្រទេសនេះ នៅតែទិញឧស្ម័នចំនួន៤០ភាគរយ នៃតម្រូវការឧស្ម័នរបស់ខ្លួន មកពីប្រទេសរុស្ស៊ី បើទោះជាក្រុងប៊ែរឡាំង បានរៀបចំគម្រោង កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើការនាំចូលឧស្ម័ន មកពីប្រទេសរុស្ស៊ី យ៉ាងណាក្ដី។ 

ក្រៅពីនេះ អាល្លឺម៉ង់ ក៏មានគោលបំណងបញ្ចប់នូវការនាំចូលធ្យូងថ្ម ពីប្រទេសរុស្ស៊ី នៅត្រឹមក្នុងរដូវក្តៅនេះ។ រីឯការនាំចូលប្រេង នឹងបញ្ចប់ នៅចុងឆ្នាំ ហើយនឹងធ្វើម្ចាស់ការ ភាគច្រើន លើឧស្ម័ន នៅត្រឹមឆ្នាំ២០២៤។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ