អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានជួបប្រជុំនៅខាងក្រៅវេទិកានៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងជាពិសេសបញ្ហាកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២៣។

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Biden បានអញ្ជើញមេដឹកនាំទាំងពីរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបើកកិច្ចពិភាក្សាគ្នាមួយទៀតអំពីមធ្យោបាយលើកកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេទៅកាន់កម្រិតខ្ពស់ថ្មីក្នុងការប្រឈមនឹងមហិច្ឆតានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

យ៉ាងណាមិញ លោក Kishida និងលោក Yoon បានបើកកិច្ចប្រជុំទ្វេភាគីដែលជាកិច្ចប្រជុំលើកទីបីរបស់មេដឹកនាំទាំងពីរនៅឆ្នាំនេះ ខណៈដែលប្រទេសជិតខាងអាស៊ីបូព៌ានេះ ពង្រឹងទំនាក់ទំនងរវាងគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ