ប៉េកាំង៖ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជា “ឃ្លាំងរំសេវ” បន្ទាប់ពីសេតវិមានបានប្រកាសពីកញ្ចប់ថវិកាជាជំនួយយោធា ៣៤៥លានដុល្លារសម្រាប់កោះនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ កក្កដា ២០២៣។

ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីប្រឆាំងនឹងការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ៣៤៥លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បានគូសបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជាអាវុធរបស់អាមេរិកមានច្រើនប៉ុន្មានក៏ដោយ ក៏មិនអាចរង្គោះរង្គើដល់ឆន្ទៈរឹងមាំរបស់យើង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមរបស់យើងជាមួយកោះនេះឡើងវិញនោះដែរ។ លោកថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺកំពុងព្យាយាមប្រែក្លាយកោះតៃវ៉ាន់ទៅជាឃ្លាំងម្ស៉ៅ និងឃ្លាំងរំសេវ ដែលអាចបង្កឱ្យផ្ទុះសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់។

ប្រតិកម្មរបស់ចិនខាងលើ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាជំនួយយោធា ៣៤៥លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បីជួយពង្រឹងសមត្ថភាពយោធារបស់ដែនកោះមួយនេះ សំដៅកំញើញការវាយប្រហារយោធាណាមួយរបស់ប្រទេសចិន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ