តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ និងស្រាលជាច្រើនលើក បានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីយប់ថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ធ្វើឱ្យរដ្ឋាភិបាលនឹកឃើញដល់ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកោះនេះ កាលពីជាងពីរសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន AFP នៅថ្ងៃទី២៣ មេសា ២០២៤។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងមានកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារកោះតៃវ៉ាន់នៅម៉ោងប្រហែល ២និង៣០នាទីព្រឹកឈានចូលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រមួយទៀតបានកើតឡើង។
អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា គិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ហើយនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារដដែល គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រមួយទៀតបានអង្រួនរដ្ឋធានីតៃប៉ិ ខណៈដែលមនុស្សម្នាជាច្រើនកំពុងធ្វើដំណើរទៅធ្វើការ។
បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ គ្រោះរញ្ជួយដីជាបន្តបន្ទាប់នេះ បានកើតឡើងចាប់តាំងពីថ្ងៃចន្ទ នៅប្រហែលម៉ោង ៥ល្ងាច (ម៉ោងក្នុងតំបន់) ចេញពីតំបន់ Hualien ជាទីតាំងឆ្នេរសមុទ្រភាគកណ្តាលនៃកោះតៃវ៉ាន់។ ភ្លាមៗ អាជ្ញាធរក្នុងតំបន់ Hualien បានប្រកាសបិទសាលារៀន និងការិយាល័យរដ្ឋាភិបាល ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។
សូមរម្លឹកថា តៃវ៉ាន់បានជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុតក្នុងកម្រិត ៧.៦រ៉ិចទ័រ កាលពីឆ្នាំ១៩៩៩ ដែលនៅពេលនោះ មានអ្នកស្លាប់រហូតដល់ ២,៤០០នាក់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់កោះនេះ៕