ហ្សឺណែវ៖ អង្គការសហប្រជាជាតិ ព្រមានថា កង្វះស្បៀងអាហារ និងអាហារូបត្ថម្ភ រួមទាំងការរីករាលដាលនៃជំងឺ នឹងបណ្តាលឱ្យករណីស្លាប់របស់កុមារផ្ទុះឡើងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២០ កុម្ភ: ២០២៣។
អនុប្រធានផ្នែកមនុស្សធម៌ នៃទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោក Ted Chaiban និយាយថា ឆាប់ៗនេះ តំបន់ហ្គាហ្សាស្ទ្រីបនឹងមើលឃើញពីការផ្ទុះឡើងករណីស្លាប់របស់កុមារ ដែលជាប់ពាក់ព័ន្ធនឹងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ។
ជាក់ស្តែង យ៉ាងហោចណាស់ ៩០ភាគរយ នៃកុមារមានអាយុក្រោម ៥ឆ្នាំនៅតំបន់ហ្គាហ្សា បានរងផលប៉ះពាល់ដោយសារជំងឺឆ្លងមួយ ឬច្រើន នេះបើតាមការវាយតម្លៃរួមគ្នា ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារ, ស្បៀងអាហារ និងសុខភាព។ ហើយ ៧០ភាគរយ បានកើតជំងឺរាគរូសក្នុងរយៈពេល ២សប្តាហ៍ មុនពេលចេញការវាយតម្លៃខាងលើ ដែលនេះបង្ហាញពីការកើនឡើង ២៣ដង បើធៀបនឹងឆ្នាំ២០២២។
ចំណែកនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Mike Ryan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពអត់ឃ្លាន និងជំងឺ បានរួមគ្នាឆក់យកជីវិតមនុស្សនៅតំបន់ហ្គាហ្សា។ លោកបានសង្កត់ធ្ងន់ថា កុមារដែលស្រេកឃ្លាន និងទន់ខ្សោយ គឺងាយនឹងកើតជំងឺ ជាពិសេសគឺជំងឺរាគ ដូច្នេះវាគឺជារឿងគ្រោះថ្នាក់ និងជាសោកនាដកម្ម ដែលនឹងកើតឡើងនៅចំពោះមុខយើង។
គួរបញ្ជាក់ថា ស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ឈានចូលដល់សប្តាហ៍ទី២០ហើយនោះ ស្បៀងអាហារ និងទឹកបរិភោគ កំពុងខ្វះខាតយ៉ាងធ្ងន់ធ្ងរ ហើយជំងឺក៏សម្បូរដែរ ដែលបង្កជាការប៉ះពាល់ដល់អាហារូបត្ថម្ភ និងភាពស៊ាំរបស់កុមារ រួចបណ្តាលឱ្យមានការកើនឡើងកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕