ប្រមុខអង្គការសហប្រជាជាតិជំរុញឱ្យអេត្យូពី និងសូម៉ាលី ចរចាដោះស្រាយភាពតានតឹងដោយសន្តិវិធី
ខេមប៉ាឡា៖ ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យអេត្យូពី និងសូម៉ាលី បើកការសន្ទនាដ៏មានអត្ថន័យ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ មករា ២០២៤។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស ប្រាប់សន្និសីទកាសែតនៅឯកិច្ចប្រជុំកំពូល G77 បូកចិន នៅរដ្ឋធានីអ៊ូហ្គង់ដា ថា យើងតែងតែគោរពតាមគោលការណ៍របស់យើង ហើយគោលការណ៍នោះ គឺទាក់ទងនឹងការរួបរួម អធិបតេយ្យភាព និងឯករាជ្យភាពទឹកដីនៃប្រទេសនានា រួមទាំងសូម៉ាលី។ យើងសង្ឃឹមថា តាមរយៈការសន្ទនាគ្នា នឹងអាចយកឈ្នះលើស្ថានភាពភាពតានតឹងបច្ចុប្បន្នបាន។
ភាពតានតឹងនៅតំបន់ជ្រោយអាហ្វ្រិក (Horn of Africa) កំពុងកើនឡើងកម្តៅ ក្រោយរដ្ឋាភិបាលសូម៉ាលីជំទាស់យ៉ាងដាច់អហង្ការ ចំពោះគម្រោងកិច្ចសន្យាជួលតំបន់កំពង់ផែមួយកន្លែងនៅក្នុងតំបន់សូម៉ាលីឡង់ដ៍ (Somaliland) ជារដ្ឋផ្តាច់ខ្លួន ស្ថិតនៅភាគខាងលិចប្រទេសសូម៉ាលី ដែលបានប្រកាសទាមទារឯករាជ្យចេញពីសូម៉ាលីក្នុងឆ្នាំ ១៩៩១។
លើសពីកិច្ចសន្យាកាលពីថ្ងៃទី០១ ខែមករា រវាងអេត្យូពី និងសូម៉ាលីឡង់ដ៍ រដ្ឋាភិបាលអេត្យូពីក៏នឹងពិចារណា ក្នុងការទទួលស្គាល់ឯករាជ្យភាពជាផ្លូវការរបស់តំបន់សូម៉ាលីឡង់ដ៍ ជាថ្នូរនឹងការបើកច្រកចូលទៅកាន់តំបន់សមុទ្រក្រហម តាមរយៈការជួលកំពង់ផែខាងលើ ពីរដ្ឋស្វ័យតមួយនេះផងដែរ។
កិច្ចព្រមព្រៀងជួលកំពង់ផែនេះ ធើ្វឱ្យរដ្ឋាភិបាលសូម៉ាលីខឹងសម្បារជាខ្លាំង និងចាប់ផ្តើមធ្វើសង្គ្រាមពាក្យសំដី ជាមួយសាធារណរដ្ឋសូម៉ាលីឡង់ដ៍ និងបានគំរាមឈ្លានពានរដ្ឋស័្វយតនេះ ដើម្បីរារាំងដំណើរការកិច្ចព្រមព្រៀង ដោយឱ្យអង្គការសហប្រជាជាតិ និងបណ្តាប្រទេសក្នុងសហភាពអាហ្វ្រិកចេញសេចក្ដីអំពាវនាវ ក្រោមគោលបំណងជំរុញភាគីទាំងពីរ ឱ្យស្វែងរកដំណោះស្រាយដោយសន្ដិវិធី តាមរយៈកិច្ចសន្ទនា៕RT