ហ្សឺណែវ៖ អង្គការសហប្រជាជាតិបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កជារលកកំដៅក្តៅខ្លាំង និងកើតឡើងញឹកញាប់ជាងមុន ជាពិសេសការបំពុលខ្យល់ក៏កំពុងគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដីផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ កញ្ញា ២០២៣។
ប្រធានអង្គការឧតុនិយមពិភពលោក (WMO) លោក Petteri Taalas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកកំដៅក្តៅខ្លាំងធ្វើឱ្យគុណភាពខ្យល់កាន់តែអាក្រក់ ជាមួយនឹងផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ប្រព័ន្ធអេកូឡូស៊ី វិស័យកសិកម្ម និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ លោក Taalas បានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ និងការបំពុលខ្យល់គឺជាការគំរាមកំហែងព្រមគ្នា។
យោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថានគោលនយោបាយថាមពលនៅសាកលវិទ្យាល័យឈីកាហ្គោ បានគូសបញ្ជាក់ថា ការបំពុលកើតចេញពីប្រភពដូចជាការបំភាយយានយន្ត និងឧស្សាហកម្ម, ព្យុះខ្សាច់ និងភ្លើងឆេះព្រៃជាដើម គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសុខភាពសាធារណៈនៅទូទាំងពិភពលោក៕RT