អង្គការសហប្រជាជាតិ ព្រមានថា ស៊ីរីអាចប្រឈមនឹងហានិភ័យខ្ពស់ ប្រសិនបើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្ដ
អន្តរជាតិ៖ អង្គការសហប្រជាជាតិ ព្រមានថា ស៊ីរីស្ថិតនៅត្រង់ចំណុចគ្រោះថ្នាក់បំផុត ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្ដើមជះឥទ្ធិពលទៅលើស៊ីរី ហើយអំពើហិង្សាក្នុងតំបន់កាន់តែកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ៣១ តុលា ២០២៣
ប្រេសិតពិសេសតំណាងអង្គការសហប្រជាជាតិនៅស៊ីរី បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្ដិសុខថា ប្រទេសស៊ីរីបានស្ថិតនៅក្នុងអស្ថិរភាពជាយូរ និងអំពើហិង្សាកាន់តែខ្លាំងឡើង ដោយសារតែដំណើរការនយោបាយដែលគ្មានប្រសិទ្ធភាព។ កត្តាទាំងនេះ នឹងធ្វើឱ្យប្រជាជនស៊ីរីកាន់តែប្រឈមនឹងបញ្ហាកាន់តែធំ ជាពិសេសប្រសិនបើសង្គ្រាមអ៊ីស្រាអែលឈានមកដល់ស៊ីរី។
ដោយឡែក អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើរចនាសម្ព័ន្ធយោធាមួយចំនួនក្នុងទឹកដីស៊ីរី ខណៈដែលមានការភ័យខ្លាចថា សង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ អាចនឹងធ្វើឱ្យជម្លោះក្នុងតំបន់កាន់តែកើនឡើង។ ឥទ្ធិពលនៃសង្គ្រាមអ៊ីស្រាអែលមិនមែនគ្រាន់តែជាការសង្ស័យទេ តែគេបានឃើញពីផលប៉ះពាល់នៅក្នុងប្រទេសស៊ីរីរួចមកហើយ។
ជាក់ស្ដែង កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តដែលមានមូលដ្ឋាននៅក្នុងស៊ីរី បានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែក និងដ្រូនជាច្រើនលើកច្រើនសារនៅក្នុងខែតុលានេះ។ ជាការឆ្លើយតបចំពោះការវាយប្រហារនេះ អាមេរិកក៏បានបើកការវាយប្រហារទៅលើតំបន់មួយចំនួនក្នុងប្រទេសស៊ីរីផងដែរ៕RT