សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរដ្ឋបាល ខេត្ត-ក្រុង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ខេត្ត-ក្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង»។
ជាងនេះទៅទៀត សម្ដេច ក៏បានថ្លែងអំណរគុណ ចំពោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះ លោកក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ។
សូមរំលឹកថា គិតថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២,៣៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៧៦,១៥៥នាក់ និងស្លាប់ ចំនួន ១៥៨៥នាក់៕