ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១.២៦១លើក បណ្តាលឲ្យស្លាប់ ចំនួន៧០៩នាក់ និងរបួស ចំនួន១.៧៩២នាក់។

ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ គ.ស.ច.គ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោកស្រី មឹន មាណវី បានថ្លែងថា «ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៣៤% បើកបរមិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ១៦% វ៉ាជែង៨% បត់៩% កត្តាយានយន្ត៣% ស្រវឹង៣% និងងងុយ១%»។

លោកស្រី បានបន្ដថា បើគិតក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/ ៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ២៧% (១៧៩២/២៤៤៩នាក់)។

ដោយឡែក លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសារធារណការ និងដឹកជញ្ជូន បានលើកឡើងថា ឆមាសទី១ ឆ្នាំ២០២១ យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មានយានដ្ឋាន សរុបចំនួន ៤.៥៣២កន្លែង (មានច្បាប់ ៣.៩៧១កន្លែង អត់ច្បាប់ ៣៨០កន្លែង) បានបិទយានដ្ឋាន សរុបចំនួន ១៨១កន្លែង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានថ្លែងថា តាមរយៈលទ្ធផលប្រកដោយភាពវិជ្ជមានខាងលើនេះ បានពិនិត្យឃើញថា មានកត្តាសំខាន់ៗជាច្រើន ដែលបានជំរុញវឌ្ឍនភាពនៃការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជា៖ ការធ្វើវិសោធនកម្មច្បាប់ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ការជំរុញដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានទាន់ពេលវេលាពីសំណាក់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកជាសេនាធិការ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ