សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យបង្កើនថែរក្សាសន្តិសុខសាធារណៈ ដើម្បីបង្កបរិយាកាស រៀបចំការបោះឆ្នោត ឃុំ-សង្កាត់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឲ្យបង្កើនការពង្រឹងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គម ដើម្បីបង្កបរិយាកាស ដល់ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។
ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ សម្ដេច ស ខេង បានថ្លែងថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បានរារាំងមិនឱ្យមានការជួបប្រជុំគ្នាដោយផ្ទាល់ ជាមួយគ្នានេះ ការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សក៏មានមិនសូវមានភាពរលូនល្អដែរ ។ យ៉ាងណាក៏ដោយ សម្ដេច បានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ ។
សម្ដេច បានបញ្ជាក់ថា «ណែនាំឲ្យបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គមឲ្យបានល្អប្រសើរដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍន៍សង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព»។
សម្ដេច បានបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ ហេតុនេះរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ៕