មន្ដ្រីចំណុះក្រសួងមហាផ្ទៃ ជាង២ពាន់នាក់ ឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ជាង១ពាន់នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់២១នាក់
ភ្នំពេញ ៖ លោក សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ចំនួន២.១៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ចំនួន១.៤៤១នាក់ កំពុងព្យាបាល ចំនួន៧៣៦នាក់ និងស្លាប់ ចំនួន២១នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ លោក សេង យូអ៊ាន់ បានថ្លែងថា គិតត្រឹមថ្ងៃទី១៩ សីហា ក្រសួងមហាផ្ទៃ បានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត។
ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ-១៩ លោក សេង យូអ៊ាន់ បានបញ្ជាក់ថា «មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់»។
នាឱកាសនោះដែរ សម្ដេច ស ខេង បានផ្ដល់អនុសាសន៍ឲ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឲ្យមានការផ្ដល់ព័ត៌មានអំពីសំណើ និងសំណូមពរនានា ដើម្បីរៀបចំការសម្របសម្រួល ពិសេសជាមួយក្រសួងសុខាភិបាល ហើយគ្រប់អង្គភាពត្រូវធ្វើរបាយការណ៍ឲ្យទៀងទាត់។
សូមរំលឹកថា គិតថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៨,៧៣៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៤,៥០៦នាក់ និងអ្នកស្លាប់ចំនួន១,៧៧៨នាក់៕