បាគូ៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន និង ប្រធានាធិបតីអាស៊ែបៃហ្សង់លោក អ៊ីលហាំ អាលីយេវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យថាមពលនៅទីក្រុងបាគូ រដ្ឋធានី នៃប្រទេសអាស៊ែបៃហ្សង់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៩ កក្កដា ២០២២។

គណៈកម្មការអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីខាងលើនេះ រួមមានទាំងការប្តេជ្ញាចិត្តដើម្បីបង្កើនសមត្ថភាពទ្វេដង នៃច្រករបៀងឧស្ម័នភាគខាងត្បូង ដើម្បីចែកចាយយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប ដល់សហភាពអឺរ៉ុបជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៧ខាងមុខ ។

លោក អាលីយេវ បាននិយាយថា ថាមពលគឺជា “ទ្រព្យសម្បត្តិដ៏ធំមួយ” ហើយបានពិពណ៌នាអំពីការចុះ MOU ថា ជាផែនទីបង្ហាញផ្លូវសម្រាប់អនាគត។ លោកស្រី ឡេយិន ក៏បានបញ្ជាក់ដែរថា ជាមួយនឹងការចុះ MOU ថ្មីនេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តចំពោះការពង្រីកគម្រោងច្រករបៀងឧស្ម័នភាគខាងត្បូង។

នេះជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្តល់ឧស្ម័នបានជាង៨ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ហើយយើងនឹងពង្រីកសមត្ថភាពដល់ ២០ពាន់លានម៉ែត្រគូបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

បើតាមគណៈកម្មាការអឺរ៉ុប អាស៊ែបៃហ្សង់ឥឡូវនេះ កំពុងបង្កើនការចែកចាយឧស្ម័នធម្មជាតិទៅកាន់សហភាពអឺរ៉ុបពី ៨.១ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២១ ហើយរំពឹងថា នឹងកើនដល់ ១២ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២២នេះ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ