មូស្គូ៖ មេដឹកនាំរុស្ស៊ីបានច្រានចោលការប្រកាសរបស់មន្រ្តីអ៊ុយក្រែននាពេលថ្មីៗនេះ ដែលថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ នឹងកាន់តែរឹងមាំបន្ថែមទៀត ក្រោយទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តនៅលោកខាងលិចក្នុងពេលឆាប់ៗនេះ។ បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ កញ្ញា ២០២៣។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុកថា ការបញ្ជូនយន្តហោះចម្បាំង F-16 របស់បស្ចិមប្រទេសទៅឱ្យអ៊ុយក្រែន គឺគ្រាន់តែជាការអូសបន្លាយជម្លោះប៉ុណ្ណោះ។
នាឱកាសនោះដែរ លោក ពូទីន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបញ្ជូនគ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសទៅឱ្យអ៊ុយក្រែន ដែលបង្កមានការរិះគន់ពីសហភាពអឺរ៉ុប។
លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ ពួកគេកំពុងផ្គត់ផ្គង់គ្រាប់បែកចង្កោមដល់តំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។ មិនយូរប៉ុន្មានទេ រដ្ឋបាលអាមេរិកនឹងជឿជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាឧក្រិដ្ឋកម្មសង្រ្គាម៕RT