អន្តរជាតិ៖ កងឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានធ្វើ «ការរៀបចំពិសេសបណ្តោះអាសន្ន» ដើម្បីអនុញ្ញាតឱ្យហ្វីលីពីន ដឹកជញ្ជូនការផ្គត់ផ្គង់ដល់កងទ័ពនៅលើនាវាសម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានចុះចតនៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ មករា ២០២៤។

ឆ្មាំល្បាតឆ្នេរចិន កាលពីមុនបានដាក់ពង្រាយនាវាដើម្បីរារាំងបេសកកម្មរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់កងទ័ពនៅលើនាវាដឹកជញ្ជូននោះ ដែលបានក្លាយជាបន្ទាយយោធានៅឯតំបន់ប៉ប្រះទឹក ថូម៉ាស សូល (Thomas Shoal) ទីពីរដែលមានចម្ងាយ ១៩០ គីឡូម៉ែត្រពីកោះប៉ាឡាវ៉ាន់ (Palawan) របស់ប្រទេសហ្វីលីពីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីបណ្ដាញសង្គម វី ឆែត (WeChat) ផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ចាំបាច់ ប៉ុន្តែក៏និយាយថាខ្លួននឹងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ចិននៅឯតំបន់ប៉ប្រះទឹក ថូម៉ាស សូល ទីពីរ និងដែនទឹកដែលនៅជិតនោះផងដែរ។

ប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងមូលលើសមុទ្រចិនខាងត្បូង បានបង្ហាញបន្ទាត់នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ