លោក ស៊ី ជីនពីង៖ ការអភិវឌ្ឍន៍ទំនាក់ទំនងចិន និងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ
ប៉េកាំង៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់ នៃសភារុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង។ កិច្ចប្រជុំនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃមកកាន់ប្រទេសចិន ជាទីដែលលោកស្រី ម៉ាត់វីយែនខូ កំពុងធ្វើជាផ្នែកមួយក្នុងគណៈកម្មការអន្តរសភារវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ កក្កដា ២០២៣។
កំលុងជំនួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់ នៃសភារុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ នៅឯមហាសាលប្រជាជន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនរបស់ពួកគេ។
លោក ស៊ី បន្តថា ចិនមានឆន្ទៈក្នុងការបន្តធ្វើការជាមួយរុស្ស៊ី ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃការផ្តល់ជំនួយទៅវិញទៅមក, ការធ្វើសមាហរណកម្មស៊ីជម្រៅ, នវានុវត្តន៍ ហើយនឹងការរួមបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី។
នាឱកាសនោះដែរ លោកស្រី ម៉ាត់វីយែនខូ បានគូសបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្តអភិវឌ្ឍជាលំដាប់។
លោកស្រីបន្ថែមថា ដំណើរទស្សនកិច្ចកាលពីខែមីនា របស់លោកប្រធានាធិបតី ស៊ី ទៅកាន់ទីក្រុងមូស្គូ ជាទីដែលរូបលោកបានជួបសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន៕