រុស្ស៊ី៖ នៅក្នុងបទសម្ភាសន៍មួយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយទូរទស្សន៍ NBC News មុនពេលជំនួបនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសប្តាហ៍ក្រោយ លោក ពូទីន បាននិយាយថា ទំនាក់ទំនងសហរដ្ឋអាមេរិក - រុស្ស៊ីស្ថិតនៅចំណុចទាបបំផុតរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក ពូទីន និងលោក បៃដិន នឹងជួបគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃពុធ។ សេតវិមានបាននិយាយថា លោក បៃដិន នឹងលើកឡើងនូវការវាយប្រហារដែលកើតឡើងពីប្រទេសរុស្ស៊ី ការឈ្លានពានរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន ការជាប់ពន្ធនាគាររបស់ក្រុមអ្នកប្រឆាំង និងបញ្ហាផ្សេងទៀតដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង។

យោងតាមការបកប្រែបទសម្ភាសន៍របស់ទូរទស្សន៍ជាតិ NBC លោក ពូទីន បាននិយាយថា  "យើងមានទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ" ។ ជាងនេះទៅទៀត លោក ពូទីន បានកោតសរសើរអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ថា ជា “បុគ្គលឆ្នើមបុគ្គលមានទេពកោសល្យ” និងបាននិយាយទៀតថា លោក បៃដិន ក្នុងនាមជាអ្នកនយោបាយអាជីពគឺ ខុសគ្នាខ្លាំងពីលោក ត្រាំ ។

ស្របពេលជាមួយគ្នានេះ នៅពេលសួរអំពីលោក បៃដិន ដែលបានហៅលោកថា ជាឃាតករនៅក្នុងបទសម្ភាសន៍មួយនៅក្នុងខែមីនា លោក ពូទីន បានក៏បានតបតថា ការចោទប្រកាន់បែបនេះមានរាប់សិបទៅហើយ។ "នេះមិនមែនជាអ្វីដែលខ្ញុំព្រួយបារម្ភនោះទេ" លោកបន្ថែម។

យ៉ាងណាម៉ិញ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ ថ្ងៃ របស់លោក បៃដិន ទៅកាន់អឺរ៉ុបនៅសប្តាហ៍នេះ លោកបាននិយាយថា "យើងមិនស្វែងរកជម្លោះជាមួយប្រទេសរុស្ស៊ីទេ" ។ "យើងចង់បានទំនាក់ទំនងមានស្ថេរភាពនិងអាចព្យាករណ៍បាន ... ប៉ុន្តែខ្ញុំបានដឹងច្បាស់ សហរដ្ឋអាមេរិកនឹងឆ្លើយតបតាមរបៀបដ៏រឹងមាំ និងមានអត្ថន័យ ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីចូលរួមក្នុងសកម្មភាពដែលមានគ្រោះថ្នាក់" ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ