មេដឹកនាំកូរ៉េខាងជើងនិងចិន ប្តេជ្ញាកិច្ចក្នុងសហប្រតិបត្តិការឱ្យកាន់តែខ្លាំងថែមទៀតដើម្បីប្រឈមមុខនឹងអរិភាពបរទេស
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា មេដឹកនាំនៃប្រទេសកូរ៉េខាងជើងនិងចិន បានធ្វើការដោះដូរសាររវាងគ្នានឹងគ្នា ដោយប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការនៅថ្ងៃខួបនៃសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយអោយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
នៅក្នុងសារផ្ញើរទៅកាន់មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទំនាក់ទំនងរបស់ពួកគេគឺមានសារៈសំខាន់ក្នុងការប្រឈមមុខនឹងកម្លាំងបរទេសដែលមានអរិភាព ខណៈដែល លោក ស៊ី ជីនពីង បានសន្យាថានឹងនាំកិច្ចសហប្រតិបត្តិការឡើងទៅកាន់ដំណាក់កាលថ្មីមួយទៀត។
ប្រទេសចិនគឺ ជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើងចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញានៅឆ្នាំ ១៩៦១ ហើយការដាក់ទណ្ឌកម្មអន្តរជាតិដែលបានដាក់លើអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោង បានធ្វើឱ្យប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងជាងមុនលើទីក្រុង ប៉េកាំង សម្រាប់ពាណិជ្ជកម្មនិងការគាំទ្រផ្សេងទៀត។
ដោយប្រើឈ្មោះដើមសម្រាប់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា “ទោះបីជាស្ថានភាពអន្តរជាតិដែលមិនធ្លាប់មាន មានភាពស្មុគស្មាញនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការទុកចិត្តគ្នានិងមិត្តភាពសកម្មប្រយុទ្ធរវាងកូរ៉េខាងជើងនិងចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ” ។
លោក គីម ជុងអ៊ុន បន្ថែមថា សន្ធិសញ្ញានេះកំពុងការពារសង្គមនិយម និងសន្តិភាពនៅក្នុងទ្វីបអាស៊ី “ពេលនេះកម្លាំងអរិភាពកាន់តែអស់សង្ឃឹមក្នុងការប្រឈម និងក្នុងចលនារារាំងរបស់ពួកគេ”។
ការតបសារទៅវិញរបស់ លោក ស៊ី ជីនពីង បាននិយាយថា លោកគ្រោងនឹងផ្តល់នូវសុភមង្គលកាន់តែច្រើនដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ តាមរយៈការពង្រឹងទំនាក់ទំនងជាមួយ លោក គីម ជុងអ៊ុន និងដោយដឹកនាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់ដំណាក់កាលថ្មីមួយកំរិតទៀត។ NR