អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់បានធ្វើដំណើរមកកាន់ប្រទេសហ្គាតេម៉ាឡា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងសេដ្ឋកិច្ច បន្ទាប់ពីប្រទេសហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនវិញ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី ០២ មេសា ២០២៣។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា លោក Alejandro Giamatti នៅទីក្រុងហ្គាតេម៉ាឡា ដើម្បីពិភាក្សាគ្នាអំពីប្រធានបទនានា និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ លោកស្រី Tsai Ing-wen បានផ្តល់ភាពសំខាន់ចំពោះប្រទេសអាមេរិកកណ្តាល ខណៈប្រទេសនេះជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់ និងបានសហការគ្នាយ៉ាងជិតស្និទ្ធលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុខភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
ប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា លោក Alejandro Giamatti បានថ្លែងថា មិត្តភាពរវាងហ្គាតេម៉ាឡាជាមួយតៃវ៉ាន់ គឺគ្មានថ្ងៃបែកបាក់ទេ ហើយលោកសូមអះអាងថា ប្រទេសហ្គាតេម៉ាឡានឹងជំរុញអធិបតេយ្យភាព និងការចូលរួមជាសមាជិកក្នុងអង្គការពិភពលោក ដូចជា អង្គការសហប្រជាជាតិ ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសហ្គាតេម៉ាឡា និងតៃវ៉ាន់ បានធ្វើពិធីគម្រប់ខួប៦២ឆ្នាំនៃទំនាក់ទំនងទ្វេភាគី រួមទាំងប្រទេសបេលីសផងដែរ ។ ប្រទេសនៅអាមេរិកកណ្តាលទាំងពីរនេះបានទទួលស្គាល់ និងមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ ។
ទោះយ៉ាងណា ការមកកាន់ប្រទេសហ្គាតេម៉ាឡារបស់មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen មានរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីប្រទេសហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងការទូតដែលមានរយៈពេល៨០ឆ្នាំជាមួយតៃវ៉ាន់ ហើយងាកមកបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនវិញ៕RT