ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសជាច្រើនកំពុងលូកដៃចូលក្នុងសង្គ្រាមអ៊ុយក្រែន ដោយលោកបានព្រមានថា ការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣ កំពុងកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ AFP នៅថ្ងៃទី១៩ វិច្ឆិកា ២០២៤។
នៅក្នុងសន្ទរកថាថ្លែងទៅកាន់មេបញ្ជាការកងវរសេនាតូច និងមន្ត្រីយោធានៅទីក្រុងព្យុងយ៉ាង លោក គីម បានប្រើពាក្យសម្តីធ្ងន់ៗដាក់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដោយបានចោទប្រកាន់ពួកគេ អំពីការចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាពអន្តរាគមន៍យោធានៅទូទាំងពិភពលោក ។
ប្រព័ន្ធផ្សព្វផ្សាយ មិនបានបញ្ជាក់ថា តើលោកគីម បាននិយាយអំពីការបញ្ជូនទាហានកូរ៉េខាងជើង ទៅ កាន់ប្រទេសរុស្ស៊ី ឬយ៉ាងណានោះទេ។ ប៉ុនប៉ុន្តែកងទ័ពកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានចូលរួមក្នុងការប្រយុទ្ធ នឹង អ៊ុយក្រែន។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា លោក គីម កំពុងព្យាយាមបិទបាំងការមិនសប្បាយចិត្ត ដែលអាចកើតមានជុំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ក្នុងចំណោមមន្ត្រីជួរមុខ៕RT