មូស្គូ៖ អង្គភាពឃ្លាំមើលវិស័យកសិកម្មរុស្ស៊ីឈ្មោះថា រ៉ូសេខូស្សណាដហ្សូ (Rosselkhoznadzor) បានលើកឡើងថា ប្រទេសរុស្ស៊ីបានចូលរួមជាមួយប្រទេសចិនក្នុងការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ដោយសារតែជប៉ុនបានបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី ១៧ តុលា ២០២៣។

ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សុទ្ធចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) នេះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាកន្លងទៅ។ការបញ្ចេញទឹកវិទ្យុសកម្មនេះ ទីក្រុងតូក្យូបានអះអាងថា វាមានសុវត្ថិភាពប៉ុន្តែប្រទេសចិនបានរិះគន់ថាជារឿងដែលមានផលប៉ះពាល់ដល់ភាវៈរស់ដែលមាននៅក្នុងសមុទ្រ។ បច្ចុប្បន្ននេះ ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។

ប្រទេសរុស្ស៊ីក៏ដូចគ្នាផងដែរដោយបានប្រកាសថា រុស្ស៊ីនឹងធ្វើការរឹតបន្តឹងដោយវិធានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងនៅតែបន្តអនុវត្តវិធានការនេះរហូតដល់មានព័ត៌មានបង្ហាញជាក់លាក់ថា អាហារសមុទ្រទាំងអស់នោះមានសុវត្ថិភាពសម្រាប់ការបរិភោគ។

ជាការឆ្លើយតប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុនបានលើកឡើងកាលពីថ្ងៃចន្ទដដែលថា ការរឹតបន្តឹងរបស់រុស្ស៊ីគ្មានមូលដ្ឋានវិទ្យាសាស្ត្រនោះទេ ហើយជារឿងដែលមិនយុត្តិធម៌សោះឡើយ និងគួរឱ្យសោកស្ដាយខ្លាំងណាស់។ ជប៉ុនក៏បានអំពាវនាវឱ្យរុស្ស៊ីលុបចោលវិធានការរឹតបន្តឹងនេះវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ។

គួរដឹងដែរថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ខែតុលា មន្ទីរពិសោធន៍បរិស្ថានសមុទ្ររបស់ IAEA នឹងត្រួតពិនិត្យការបញ្ចេញទឹកហ្វ៊ូគូស៊ីម៉ានៅប្រទេសជប៉ុនម្ដងទៀត ដោយមានមន្ទីរពិសោធន៍ឯករាជ្យមកពីប្រទេសកាណាដា ចិន និងកូរ៉េខាងត្បូងចូលរួមនៅក្នុងដំណើរការត្រួតពិនិត្យផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ