រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស លោក Dominic Raab លាលែងពីតំណែង ក្រោយរងការសេុីបអង្កេតជាច្រើនខែ
ក្រុងឡុងដ៏៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់អង់គ្លេស លោក ដូមីនីក រ៉ាប (Dominic Raab) បានស្នើសុំលាលែងពីតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីស្ថិតក្រោមការស៊ើបអង្កេតឯករាជ្យមួយអស់រយៈពេលជាច្រើនខែ ជុំវិញរឿងអាស្រូវគំរាមសម្លុតមន្រ្តីថ្នាក់ក្រោម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ មេសា ២០២៣។
ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រី លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter លោក រ៉ាប បាននិយាយថា ការស៊ើបអង្កេតបែបនេះបានបង្កើតគំរូដ៏គ្រោះថ្នាក់មួយ ប៉ុន្តែលោកនឹងនៅតែគាំទ្ររដ្ឋាភិបាល។
លោក រ៉ាប បានគូសបញ្ជាក់ថា «ខ្ញុំបានអំពាវនាវឲ្យមានការស៊ើបអង្កេត ហើយក៏ធ្លាប់បានសន្យាថានឹងលាលែងពីតំណែងដែរ ប្រសិនបើរកឃើញថា ខ្ញុំពិតជាមានកំហុសដូចការចោទប្រកាន់។ ខ្ញុំជឿថាវាសំខាន់ណាស់ក្នុងការរក្សាពាក្យសម្តីរបស់ខ្ញុំ»។
យ៉ាងនេះក្តី លោក រ៉ាប បានបន្ថែមថា «ដោយកំណត់និយមន័យហាក់ទាបខ្លាំងពេក សម្រាប់អ្វីទៅដែលហៅថាការគំរាមសម្លុតនោះ ការស៊ើបអង្កេតបែបនេះ បានបង្កើតនូវគំរូដ៏គ្រោះថ្នាក់មិនធ្លាប់មានមួយ។ វានឹងលើកទឹកចិត្តឲ្យមានការតវ៉ាមិនពិតប្រឆាំងនឹងក្រុមរដ្ឋមន្ត្រី និងអាចមានឥទ្ធិពលដល់ការផ្លាស់ប្តូរក្នុងរដ្ឋាភិបាល ហើយទីបំផុតគឺចក្រភពអង់គ្លេសតែម្តង»។
គួរបញ្ជាក់ផងដែរថា ការលាលែងពីតំណែងរបស់ លោក រ៉ាប គឺជាការចាកចេញរបស់មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសទីបីហើយ ជុំវិញការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ ចាប់តាំងពី លោក ស៊ូណាក់ ឡើងកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២២ ព្រមជាមួយការសន្យាថានឹងបង្កើតរដ្ឋាភិបាលសុចរិត៕