វ៉ាស៊ីនតោន៖ តំណាងគណបក្សសាធារណៈរដ្ឋអាមេរិក លោកស្រី Marjorie Taylor Greene បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើការជាមួយអ៊ីស្រាអែល ដើម្បីស៊ើបអង្កេតប្រភពដើមនៃអាវុធផលិតដោយអាមេរិក ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ប្រើវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១០ តុលា ២០២៣។

សមាជិកសភាបក្សសាធារណៈរដ្ឋអាមេរិកបាននិយាយថា អាវុធមួយចំនួនដែលក្រុមហាម៉ាស់ប្រើវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ទំនងជាមានប្រភពដើមមកពីអ៊ុយក្រែន ឬអាហ្វហ្គានីស្ថាន ហើយអាវុធទាំងនេះត្រូវតែមានការតាមដាន ដើម្បីកំណត់ប្រភពរបស់ពួកវា។ រហូតមកទល់ពេលនេះ នៅពុំទាន់រកឃើញភស្តុតាងណាមួយមកបញ្ជាក់នោះទេ។

ទោះបីជាយ៉ាងណា យ៉ាងហោចណាស់មានវីដេអូមួយ ដែលផ្សព្វផ្សាយនៅលើអ៊ីនធើណិត បានបង្ហាញពីក្រុមសកម្មប្រយុទ្ធហាម៉ាស់និយាយអរគុណដល់ប្រជាជនអ៊ុយក្រែនសម្រាប់សព្វាវុធ ហើយបានបង្ហាញបំណែកជាច្រើនដែលផលិតដោយអាមេរិក រួមទាំងឧបករណ៍បាញ់គ្រាប់បែកប្រឆាំងរថក្រោះ M136។

គួរបញ្ជាក់ថា អាមេរិកបានចាក់ជំនួយយោធាចូលទៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញ អ៊ុយក្រែនបានប្រឈមមុខនឹងការចោទប្រកាន់ម្តងហើយម្តងទៀត ជុំវិញការប្រើប្រាស់ និងលក់អាវុធខុសច្បាប់ រាប់ចាប់ពីអាវុធរហូតដល់គ្រាប់មីន និងគ្រាប់មីស៊ីលប្រឆាំងរថក្រោះ ដាក់លក់នៅលើទីផ្សារងងឹត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ