ស្វីស៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានព្រមព្រៀងគ្នាបើកការស៊ើបអង្កេតជាអន្តរជាតិមួយ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្គ្រាម អំឡុងពេល១១ថ្ងៃនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមប្រភព CNA

ការស៊ើបអង្កេតឯករាជ្យនេះ នឹងមានភាពទូលំទូលាយ ដើម្បីពិនិត្យមើលរាល់ការរំលោភបំពានទាំងអស់ មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ អំឡុងពេលមានអរិភាពដែលទើបត្រូវបានបិទបញ្ឈប់ដោយបទឈប់បាញ់គ្នានៅថ្ងៃទី២១ ខែឧសភា ។ 

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បាននិយាយថា ការវាយប្រហារដ៏ប្រល័យរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាប៉ាឡេស្ទីននៅដើមខែនេះ អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើត្រូវបានរកឃើញថា មិនមានសមាមាត្រ ។ 

សូមជម្រាបថា សង្រ្គាមរយៈពេល១១ថ្ងៃរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានសម្លាប់មនុស្ស២៥៣នាក់នៅខាងតំបន់ហ្គាហ្សា ក្នុងនោះមានកុមារ៦៦នាក់ និងស្ត្រី៣៩នាក់ ព្រមទាំងមនុស្សចាស់១៧នាក់ ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយកាលពីថ្ងៃសុក្រសប្ដាហ៍ ដោយមានការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ