អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងបានបណ្តេញលោក ផាក ជុងឈុន (Pak Jong Chon) ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលបំផុតទីពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី ០៣ មករា ២០២៣។
លោក ផាក អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករ ដែលកំពុងកាន់អំណាច និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានជំនួសតំណែងដោយលោក រី យុងហ្គីល (Ri Yong Gil) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកាលពីសប្តាហ៍មុន។ ប៉ុន្តែគ្មានការបញ្ជាក់ណាមួយអំពីហេតុផលនៃការផ្លាស់ប្តូរនេះទេ។
ការផ្លាស់ប្តូរតំណែងរបស់លោក ផាក បានកើតឡើងនៅពេលដែលលោក គីម បានអំពាវនាវឲ្យមានការអភិវឌ្ឍ មីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងមុន ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាគន្លឹះនៃយុទ្ធសាស្ត្រការពារប្រទេសឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក ផាក បានឡើងតំណែងបន្តបន្ទាប់យ៉ាងឆាប់រហ័ស ពីមេបញ្ជាការកងកាំភ្លើងធំ ដែលពាក់ផ្កាយមួយក្នុងឆ្នាំ ២០១៥ ទៅជាឧត្តមសេនីយ៍ផ្កាយបួន ក្នុងឆ្នាំ២០២០ ដោយសារស្នាដៃសម្រាប់ការរួមចំណែកដល់វឌ្ឍនភាព ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយខ្លី។
គួររម្លឹកផងដែរថា នៅចុងឆ្នាំ២០២០ លោក ផាក ត្រូវបានដំឡើងឋានៈ ជាសាមជិកនៃការិយាល័យនយោបាយរបស់បក្ស និងទទួលបានងារជាសេនាប្រមុខយោធា ដែលជាឋានៈខ្ពស់បំផុតក្នុងជួរយោធា ក្រោមការដឹកនាំរបស់លោក គីម៕