រុស្ស៊ីបណ្តេញអ្នកការទូតអាមេរិកវិញ ដើម្បីសងសឹកនឹងការបណ្តេញបុគ្គលិក១២នាក់របស់ខ្លួន នៅអង្គការសហប្រជាជាតិ
ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសពីការបណ្តេញអ្នកការទូតអាមេរិក ក្នុងចំនួនដែលមិនបានបញ្ជាក់ ដើម្បីជាការឆ្លើយតបទៅនឹងការបញ្ជារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញបុគ្គលិកចំនួន ១២នាក់ចេញពីបេសកកម្មរបស់ទីក្រុងម៉ូស្គូនៅអង្គការសហប្រជាជាតិ។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៤ មីនា ២០២២។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ខ្លួនបានកោះហៅអ្នកការទូតជាន់ខ្ពស់នៃបេសកកម្មការទូតអាមេរិកនៅទីក្រុងម៉ូស្គូ ដែលមានបញ្ជីឈ្មោះបុគ្គលិកការទូតអាមេរិកដែលត្រូវនិរទេស ដោយប្រកាសថា ជា “បុគ្គលដែលមិនទទួលការស្វាគមន៍” (Persona non grata)។
ក្រសួងបានបង្ហើបថា ការសម្រេចចិត្តខាងលើនេះ ជាការសងសឹកចំពោះការបណ្តេញអ្នកការទូតរុស្ស៊ី ចេញពីបេសកកម្មអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងបុគ្គលិករុស្ស៊ីម្នាក់ចេញពីលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងម៉ូស្គូអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រកាសថា អ្នកការទូតរុស្ស៊ីចំនួន ១២នាក់ជាបុគ្គលដែលមិនទទួលការស្វាគមន៍ (Persona non grata) កាលពីចុងខែកុម្ភៈ។
លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានអះអាងដែរថា ជនជាតិរុស្ស៊ីដែលត្រូវបានបណ្តេញចេញនោះ បានធ្វើសកម្មភាពចារកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន៕RT